ការិយាល័យមេធាវី សិដ្ឋាល័យ ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ ដោយសិក្សានិងស្វែងយល់ស៊ីជម្រៅអំពីតម្រូវការ និងនិន្នាករនៃអាជីវកម្ម និងប្រតិបត្តិការធុរកិច្ចនីមួយៗ។
ការចូលរួមរៀបចំសេចក្តីព្រាងច្បាប់និងបទប្បញ្ញត្តិ
ការិយាល័យមេធាវី សិដ្ឋាល័យ បានចូលរួមរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះទៀត ការិយាល័យមេធាវី សិដ្ឋាល័យ មានបទពិសោធន៍រៀបចំនិងផ្តល់យោបល់លើសេចក្តីព្រាងបទប្បញ្ញត្តិក្នុងវិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម និងវិស័យមូលប័ត្រ នៃកម្ពុជា។
អភិបាលកិច្ចសាជីវកម្មនិងអនុលោមភាព
ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់សេវាលេខាធិការសាជីវកម្ម ជូនអតិថិជន ដើម្បីធានាការអនុវត្ត អភិបាលកិច្ចសាជីវកម្ម ប្រកបដោយឧត្តមានុវត្តន៍ នវានុវត្តន៍ និងសមស្របតាមតម្រូវការចាំបាច់និងជាក់ស្តែង របស់ក្រុមហ៊ុន និងស្ថាប័ន ដែលមានតម្រូវការនីមួយៗ។ ចំពោះអនុលោមភាព ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់ប្រឹក្សាផ្នែកច្បាប់តាមតម្រូវការ ផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពច្បាប់ និងដំណោះស្រាយបញ្ហាច្បាប់ជាក់លាក់នីមួយៗ។
ការផ្តល់យោបល់លើរចនាសម្ព័ន្ធស្ថាប័ន
ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់យោបល់លើការរៀបចំកែសម្រួលរចនាសម្ព័ន្ធនិងអនុលោមភាព ជូនអតិថិជនជាក្រុមហ៊ុននិងស្ថាប័ន។ តាមរយៈការសិក្សាវាយតម្លៃលើរចនាសម្ព័ន្ធស្ថាប័ន ការិយាល័យមេធាវី សិដ្ឋាល័យ អាចកំណត់អំពីសក្តានុពល កាលានុវត្តនភាពអភិវឌ្ឍន៍ និងព្យាករណ៍ហានិភ័យ សម្រាប់ប្រើប្រាស់ជាធាតុចូលគន្លឹះ ក្នុងការរៀបចំចក្ខុវិស័យនិងយុទ្ធសាស្រ្តសាជីវកម្មរបស់អតិថិជន។
ការផ្តល់ប្រឹក្សា
ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្ដល់យោបល់ផ្នែកច្បាប់ជូនអតិថិជនក្នុងទម្រង់ជា យោបល់ទូទៅ ឬលិខិតផ្លូវការ ដើម្បីជាការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីច្បាប់និងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចតាមបទប្បញ្ញត្តិ ច្បាប់ និងប្រើប្រាស់ជាលិខិតយោង តាមសេចក្តីត្រូវការចាំបាច់។
ការរៀបចំសេចក្តីព្រាងឯកសារ
ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់កិច្ចជំនួយការ ដល់អតិថិជនក្នុងការរៀបចំពាក្យស្នើសុំ កិច្ចព្រមព្រៀង និងឯកសារក្រុមហ៊ុន ស្របតាមការតម្រូវរបស់ក្រុមហ៊ុនពាណិជ្ជកម្ម និងកិច្ចប្រតិបត្តិការនានា។ បន្ថែមលើការតាក់តែងឯកសារច្បាប់ ការិយាល័យមេធាវី សិដ្ឋាល័យ បានពន្យល់ និងធ្វើជាអ្នកតំណាងឱ្យអតិថិជន ក្នុងការចរចាជាមួយសមគូភាគីលើ ខសន្យានិងលក្ខខណ្ឌសន្យា ដែលស្ថិតនៅក្នុងដំណើរការរៀបចំព្រាង និងឈានទៅចុះកិច្ចព្រមព្រៀង ឬកិច្ចសន្យា ជាផ្លូវការ។
ការត្រួតពិនិត្យផ្នែកច្បាប់
ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់សេវាកម្មផ្នែកត្រួតពិនិត្យច្បាប់លើក្រុមហ៊ុននិងទ្រព្យ ដើម្បីរៀបចំ របាយការណ៍ត្រួតពិនិត្យផ្នែកច្បាប់ ដែលតម្រូវដោយប្រតិបត្តិការពាណិជ្ជកម្ម។ យើងបានត្រួតពិនិត្យផ្នែកច្បាប់ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនិងជំនាញខ្ពស់ តាមរយៈការកំណត់កម្មវត្ថុគតិយុត្ត ឬកម្មវត្ថុដែលត្រូវត្រួតពិនិត្យ ការរៀបចំបញ្ជីរាយនាមឯកសារតម្រូវ ការកំណត់អំពីបញ្ហាអនុលោមភាពគតិយុត្ត ការផ្តល់ប្រឹក្សាអំពីហានិភ័យនិងដំណោះស្រាយ និងការរៀបចំរបាយការណ៍ស្តីពីអនុលោមភាព ផ្អែកលើច្បាប់និងបទប្បញ្ញត្តិជាធរមាន នៃកម្ពុជា។
ការដោះស្រាយវិវាទ
ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់សេវាកម្មដោះស្រាយវិវាទ ជូនអតិថិជន តាមរយៈលិខិតជូនដំណឹងឬការតំណាងឱ្យអតិថិជនក្នុងការចរចានិងចូលរួមកិច្ចប្រជុំ ការផ្ដល់ប្រឹក្សាអំពីបញ្ហានិងដំណោះស្រាយផ្នែកច្បាប់ និងតំណាងឱ្យអតិថិជនក្នុងនីតិវិធីច្បាប់និងតុលាការ។