ការបណ្ដុះបណ្ដាលនិងសិក្ខាសាលា
ការិយាល័យមេធាវី សិដ្ឋាល័យ ផ្ដល់កម្មវិធីបណ្ដុះបណ្ដាល និងសិក្ខាសាលាអំពីអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងធុរកិច្ច របស់ក្រុមហ៊ុន សាជីវកម្ម ព្រមទាំងច្បាប់និងបទប្បញ្ញត្តិជាធរមាន សម្រាប់គណៈគ្រប់គ្រង និងបុគ្គលិករបស់ស្ថាប័នរដ្ឋ និងឯកជន។ ការបណ្តុះបណ្តាលនេះអាចធ្វើឡើងជា ១) វគ្គបណ្តុះបណ្តាលទូទៅ ២) វគ្គបណ្តុះបណ្តាល ក្នុងគោលបំណងជាក់លាក់ណាមួយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន ឬស្ថាប័ន និង ៣) ការបង្ហាត់បង្រៀនណែនាំផ្ទាល់ ដោយធ្វើការសិក្សាលម្អិតនិងស៊ីជម្រៅអំពីតម្រូវការ។
ការិយាល័យមេធាវី សិដ្ឋាល័យ ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ ដោយសិក្សានិងស្វែងយល់ស៊ីជម្រៅអំពីតម្រូវការ និងនិន្នាករនៃអាជីវកម្ម និងប្រតិបត្តិការធុរកិច្ចនីមួយៗ។ យើង ស្ថាបនាទំនុកចិត្តរឹងមាំ ជូនដល់អតិថិជន ដោយព្យាយាមកាត់បន្ថយហានិភ័យគតិយុត្ត និងបង្កើនកាលានុវត្តភាពអាជីវកម្ម ប្រកបដោយស្មារតីកែច្នៃ និងនវានុវត្តន៍ ដែលផ្អែកជាមូលដ្ឋានលើចំណេះ ជំនាញ បទពិសោធន៍ ឧត្តមានុវត្តន៍ជាតិនិងអន្តរជាតិ ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ។ មេធាវីទាំងអស់នៃការិយាល័យមេធាវី សិដ្ឋាល័យ មានជំនាញនិង បទពិសោធន៍ក្នុងការកំណត់ហានិភ័យផ្នែកច្បាប់ បង្កើតកាលានុវត្តនភាពថ្មី និងផ្តល់ដំណោះស្រាយផ្នែកច្បាប់សមស្របនិងជាក់ស្តែងនិយម ជូនដល់អតិថិជន សម្រាប់ពិចារណា សម្រេចចិត្ត និងចាត់ចែងអនុវត្ត។
ការិយាល័យមេធាវី សិដ្ឋាល័យ ផ្តល់សេវាកម្មលេខាធិការសាជីវកម្ម សម្រាប់ជាកិច្ចជំនួយការដល់ ក្រុមហ៊ុន ស្ថាប័ន និងអង្គការនានា ក្នុងការធានាអនុលោមភាពពេញលេញ ទាំងក្នុងក្របខណ្ឌជានីតិបុគ្គលភាព ទាំងក្នុងក្របខណ្ឌនៃកិច្ចប្រតិបត្តិការធុរកិច្ចនីមួយៗ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន នៃព្រះជាណាចក្រកម្ពុជា។ តាមសំណើរបស់អតិថិជន យើងរៀបចំបញ្ជីរាយនាមនៃសិទ្ធិនិងកាតព្វកិច្ចរបស់អតិថិជន ដែលកំណត់ដោយច្បាប់ បទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងនានា ដើម្បីផ្តល់ភាពសាមញ្ញនិងកិច្ចសម្រួលការដល់អតិថិជន ក្នុងការតាមដាន ការយល់ដឹង បច្ចុប្បន្នកម្ម និងអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាធរមានរបស់ខ្លួន។ ក្នុងស្មារតីនេះ យើងជូនដំណឹងដល់អតិថិជន អំពីបច្ចុប្បន្នភាពនៃច្បាប់និងបទប្បញ្ញត្តិ ជាលក្ខណៈសាមញ្ញនិងជាប្រចាំ។
ផ្អែកលើលក្ខខណ្ឌតម្រូវនៃពាណិជ្ជកម្ម ការិយាល័យមេធាវី សិដ្ឋាល័យ ផ្តល់កិច្ចជំនួយការដល់អតិថិជន ក្នុងការសិក្សា វិភាគ និងវាយតម្លៃ អំពីពាណិជ្ជកម្មនិងហានិភ័យផ្នែកច្បាប់ តាមរយៈការត្រួតពិនិត្យផ្នែកច្បាប់លើទ្រព្យ សិទ្ធិ កាតព្វកិច្ច និងនីតិបុគ្គលភាព ដើម្បីធានាអនុលោមភាពពេញលេញ និងជៀសផុតពី ហានិភ័យផ្នែកច្បាប់នានា ក្នុងកិច្ចប្រតិបត្តិការសាជីវកម្ម រដ្ឋបាលសាធារណៈ និងការវិនិយោគ។ មេធាវី នៃការិយាល័យមេធាវី សិដ្ឋាល័យ មានបទពិសោធន៍ និងស្មារតីកែច្នៃនិងនវានុវត្តន៍លើវិស័យផ្សេងៗ រួមមានវិស័យធនាគារនិងហិរញ្ញវត្ថុ អចលនទ្រព្យ ក្រុមហ៊ុន ពាណិជ្ជកម្ម និងវិនិយោគ។
ការិយាល័យមេធាវី សិដ្ឋាល័យ ទទួលត្រួតពិនិត្យនិងផ្តល់ប្រឹក្សាលើរាល់កិច្ចព្រមព្រៀង កិច្ចប្រតិបត្តិការ គម្រោង និងឯកសារគតិយុត្ត នានា ដើម្បីបញ្ជាក់អំពីសុពលភាព អនុលោមភាព លក្ខខណ្ឌនៃការតតាំង និងអានុភាពគតិយុត្តនៃឯកសារទាំងនោះ តាមតម្រូវការរបស់សមភាគី ឬភាគទុនិកក្រុមហ៊ុន ឬស្ថាប័ន។
ការិយាល័យមេធាវី សិដ្ឋាល័យ ទទួលផ្តល់សេវាកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនអតិថជន រួមមានជាអាទិ៍ ការចរចា ការសម្របសម្រួល និងមជ្ឈត្តកម្ម។ យើងខ្ញុំអាចតំណាងអតិថិជនក្នុងការចរចានិងទំនាក់ទំនងជាមួយសមភាគី តាមរយៈការចេញលិខិតជូនដំណឹង ឬចូលរួមក្នុងកិច្ចប្រជុំណាមួយតាមការស្នើសុំ។ ក្រៅពីនេះ យើងខ្ញុំក៏មានមេធាវីជំនាញដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ដែលបំពេញការងាររបស់ខ្លួនក្នុងបុព្វហេតុការពារប្រយោជន៍ស្របច្បាប់ដ៏ប្រសើរបំផុត ជូនអតិថិជន នៅក្នុងកិច្ចដំណើរការនីតិវិធីច្បាប់និងតុលាការ។
ការិយាល័យមេធាវី សិដ្ឋាល័យ សិក្សាស្រាវជ្រាវ និងរួមចំណែកអភិវឌ្ឍចំណេះដឹងនិងការយល់ដឹងអំពីនីតិសាស្រ្ត ជាពិសេសបទដ្ឋានគតិយុត្តជាធរមាននៅព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តនៃបណ្ដាប្រទេសផ្សេង រួមទាំងឧត្តមានុវត្តន៍ និងនវនុវត្តន៍ជាតិ និងអន្តរជាតិ។