សេវាប្រឹក្សានិងពិគ្រោះយោបល់

ការិយាល័យមេធាវី សិដ្ឋាល័យ​ ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ ដោយសិក្សា​និងស្វែង​យល់ស៊ីជម្រៅ​​​អំពីតម្រូវការ និង​និន្នាករ​នៃ​អាជីវកម្ម និងប្រតិបត្តិការធុរកិច្ច​នីមួយៗ។ យើង ស្ថាបនា​​ទំនុកចិត្តរឹងមាំ​​ ជូនដល់​អតិថិជន​ ដោយ​​ព្យាយាមកាត់បន្ថយ​ហានិភ័យគតិយុត្ត​ និងបង្កើន​កាលានុវត្តភាព​អាជីវកម្ម​ ប្រកបដោយ​ស្មារតីកែច្នៃ​ និងនវានុវត្តន៍ ​ដែលផ្អែកជាមូលដ្ឋាន​លើចំណេះ ​ជំនាញ បទពិសោធន៍ ឧត្តមានុវត្តន៍ជាតិ​និង​អន្តរជាតិ ព្រមទាំង​​ក្រមសីលធម៌វិជ្ជាជីវៈ​។ មេធាវី​ទាំងអស់​នៃ​ការិយាល័យមេធាវី សិដ្ឋាល័យ មានជំនាញនិង បទពិសោធន៍ក្នុងការកំណត់​ហានិភ័យផ្នែកច្បាប់ បង្កើតកាលានុវត្តនភាពថ្មី និងផ្តល់ដំណោះស្រាយផ្នែកច្បាប់សមស្របនិង​ជាក់ស្តែងនិយម​ ​ជូនដល់អតិថិជន សម្រាប់ពិចារណា សម្រេចចិត្ត​ និងចាត់ចែង​អនុវត្ត។

ការិយាល័យមេធាវី សិដ្ឋាល័យ ផ្តល់សេវាកម្មលេខាធិការ​សាជីវកម្ម​ សម្រាប់ជាកិច្ចជំនួយការ​​ដល់  ក្រុមហ៊ុន ស្ថាប័ន និងអង្គការនានា ក្នុងការ​ធានា​​អនុលោមភាព​ពេញលេញ ទាំងក្នុង​ក្របខណ្ឌ​ជា​នីតិបុគ្គលភាព ទាំង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រតិបត្តិការ​ធុរកិច្ច​នីមួយៗ ស្របតាមច្បាប់និងបទប្បញ្ញត្តិ​ជាធរមាន​ នៃ​​ព្រះជាណាចក្រកម្ពុជា។ តាមសំណើ​​​របស់អតិថិជន យើង​​រៀបចំបញ្ជីរាយនាមនៃ​សិទ្ធិនិងកាតព្វកិច្ចរបស់អតិថិជន ដែលកំណត់ដោយ​​ច្បាប់ បទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងនានា​ ដើម្បីផ្តល់ភាពសាមញ្ញ​និង​កិច្ច​សម្រួលការ​​​ដល់អតិថិជន ក្នុងការតាមដាន ​ការ​យល់ដឹង ​បច្ចុប្បន្នកម្ម និងអនុវត្តសិទ្ធិនិងកាតព្វកិច្ច​ជាធរមាន​របស់ខ្លួន​។ ក្នុងស្មារតីនេះ​​ យើង​​ជូនដំណឹងដល់អតិថិជន អំពី​​បច្ចុប្បន្នភាពនៃច្បាប់និងបទប្បញ្ញត្តិ ​ ជាលក្ខណៈសាមញ្ញ​និង​​​ជា​ប្រចាំ​។

ផ្អែកលើ​​​លក្ខខណ្ឌ​តម្រូវនៃពាណិជ្ជកម្ម ការិយាល័យមេធាវី សិដ្ឋាល័យ ​ផ្តល់កិច្ចជំនួយការដល់​​អតិថិជន ក្នុងការសិក្សា វិភាគ និង​វាយតម្លៃ អំពី​​ពាណិជ្ជកម្មនិងហានិភ័យផ្នែកច្បាប់ តាមរយៈការត្រួតពិនិត្យផ្នែកច្បាប់​លើទ្រព្យ សិទ្ធិ កាតព្វកិច្ច និងនីតិបុគ្គលភាព​ ដើម្បី​ធានា​អនុលោមភាពពេញលេញ និងជៀសផុតពី ​​ហានិភ័យផ្នែកច្បាប់នានា ក្នុងកិច្ចប្រតិបត្តិការសាជីវកម្ម រដ្ឋបាលសាធារណៈ និងការវិនិយោគ​​។​ មេធាវី នៃការិយាល័យមេធាវី សិដ្ឋាល័យ មានបទពិសោធន៍ និងស្មារតី​កែច្នៃ​និង​​នវានុវត្តន៍​លើ​​​វិស័យផ្សេងៗ​ រួមមានវិស័យធនាគារនិងហិរញ្ញវត្ថុ អចលនទ្រព្យ ក្រុមហ៊ុន ពាណិជ្ជកម្ម និងវិនិយោគ​។

ការិយាល័យមេធាវី សិដ្ឋាល័យ ​ទទួល​ត្រួតពិនិត្យនិង​ផ្តល់ប្រឹក្សា​លើ​រាល់កិច្ចព្រមព្រៀង កិច្ច​ប្រតិបត្តិការ គម្រោង និងឯកសារគតិយុត្ត នានា ដើម្បីបញ្ជាក់អំពីសុពលភាព អនុលោមភាព លក្ខខណ្ឌនៃការតតាំង និងអានុភាពគតិយុត្ត​នៃឯកសារទាំងនោះ តាមតម្រូវការរបស់សមភាគី ឬភាគទុនិកក្រុមហ៊ុន ឬស្ថាប័ន។

ការិយាល័យមេធាវី សិដ្ឋាល័យ ទទួលផ្តល់សេវាកម្ម​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូន​អតិថជន រួមមាន​ជាអាទិ៍ ​ការចរចា ការសម្របសម្រួល និងមជ្ឈត្ត​កម្ម។ យើងខ្ញុំអាចតំណាងអតិថិជនក្នុងការចរចានិងទំនាក់ទំនង​​ជាមួយសមភាគី តាមរយៈការចេញលិខិតជូនដំណឹង ឬចូលរួមក្នុងកិច្ចប្រជុំណាមួយតាមការស្នើសុំ។ ក្រៅពីនេះ យើងខ្ញុំក៏មានមេធាវីជំនាញដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ដែលបំពេញការងាររបស់ខ្លួនក្នុងបុព្វហេតុ​​ការពារប្រយោជន៍ស្របច្បាប់​ដ៏ប្រសើរបំផុត ជូន​​អតិថិជន នៅក្នុងកិច្ច​ដំណើរការ​នីតិវិធីច្បាប់និងតុលាការ។

ការិយាល័យមេធាវី សិដ្ឋាល័យ ផ្ដល់កម្មវិធី​បណ្ដុះបណ្ដាល និងសិក្ខាសាលាអំពីអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រង​ធុរកិច្ច​ របស់​​ក្រុមហ៊ុន សាជីវកម្ម ព្រមទាំង​​​ច្បាប់និងបទប្បញ្ញត្តិជាធរមាន​ សម្រាប់គណៈ​គ្រប់​គ្រង និងបុគ្គលិករបស់ស្ថាប័នរដ្ឋ និងឯកជន។​ ការបណ្តុះបណ្តាលនេះអាចធ្វើឡើងជា ១) វគ្គបណ្តុះបណ្តាលទូទៅ ២) វគ្គបណ្តុះបណ្តាល ក្នុងគោលបំណងជាក់លាក់ណាមួយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន ឬស្ថាប័ន និង ៣) ការបង្ហាត់បង្រៀនណែនាំផ្ទាល់ ដោយធ្វើការសិក្សាលម្អិតនិងស៊ីជម្រៅអំពីតម្រូវការ។

ការិយាល័យមេធាវី សិដ្ឋាល័យ សិក្សាស្រាវជ្រាវ និង​រួមចំណែក​អភិវឌ្ឍ​ចំណេះដឹង​និង​ការយល់ដឹង​អំពី​នីតិសាស្រ្ត​ ​ជាពិសេស​បទដ្ឋានគតិយុត្តជាធរមាននៅព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តនៃបណ្ដាប្រទេសផ្សេង រួមទាំងឧត្តមានុវត្តន៍​ និងនវនុវត្តន៍​ជាតិ និង​អន្តរជាតិ​។